Tuesday, May 31, 2016

តើកូនខ្មែរស្គាល់គាត់ទេ? នេះហើយជាមហាវីរៈបុរសដ៏ខ្លាំងនិងល្បីរន្ទឺរមួយរូបរបស់ខ្មែរនៅក្នុងសម័យអណានិគមបារាំង គឺ ឧកញ៉ា ក្រឡាហោម គង់។

វីរបុរសខ្មែរ – ក្រឡាហោមគង់ (បះបោរដើម្បីជាតិ ពីឆ្នាំ ១៨៨៥ ដល់ ១៨៨៦)
ក្រឡាហោមគង់ ជាមេទ័ពជើងទឹក និងជាស្តេចក្រាញ់ កាន់កាប់ការពារទឹកដីខ្មែរមួយចំនួន នៅភាគខាងត្បូង បានដឹកនាំ​ចលនាបះបោរមួយក្នុងប្រទេសខ្មែរ ក្នុងបំណងប្រយុទ្ធរំដោះប្រទេសខ្មែរ ពីអំពើជិះជាន់របស់ពួកអាណានិគមបារាំង និង​រំដោះខេត្តខ្មែរនៅកម្ពុជាក្រោម ពីកិច្ចសន្យារបស់បារាំង ដែលប្រគល់ទឹកដីខ្មែរ ទៅអោយយួនកាន់កាប់។ គ្មាននរណាស្គាល់​ឈ្មោះពិតរបស់លោកទេ គេស្គាល់តែឈ្មោះគោរមងារជាមេទ័ព ក្រឡាហោមគង់ មានទឹកចិត្តក្លាហានក្រៃលែង ទទួលការ​គាំទ្រ​ពីព្រះបាទនរោត្តម ពីប្រជាកសិករទូទាំងប្រទេស ពីពលរដ្ឋជនជាតិចិន ដែលរស់នៅស្រុកខ្មែរ និងពីព្រះសង្ឃខ្មែរ។ នៅឆ្នាំ១៨៨៦ បារាំង និងយួន បានប្រើល្បិច អញ្ជើញក្រឡាហោមគង់ មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែង​កប៉ាល់ អោយឈ្លក់ផ្សែងស្លាប់ បាត់បង់ជីវិត រួចទើបស្រាយសពទម្លាក់ទឹក។
វីរភាពរបស់លោក បានបំផុសទឹកចិត្តកូនខ្មែរ ឲ្យក្រោក​ឈរ​ឡើងប្រឆាំងនឹងពួកបរទេសឈ្លានពានវាតទីនិយមជាបន្ត​បន្ទាប់។ ក្រឡាហោមគង់ បានលាចាក​លោក​នេះ​មែន ប៉ុន្តែកិត្តិនាម និងវីរភាពរបស់លោក​បានមកសណ្ឋិត​ជាប់នឹង​ដួង​ព្រលឹងកូនខ្មែរ​ជានិរន្តរ៍។