ក្រោយពីបារាំងបានប្រគល់ឯករាជ្យពេញបរិបូរណ៍មក នៅខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តមសីហនុបាន ចាកចេញពីរាជ្យបល្ល័ង្ក ហើយយាងព្រះបាទនរោត្តមសុរាម្រិត ជាព្រះបិតាឡើងសោយរាជ្យ។ ប្រទេសកម្ពុជា បាន ស្គាល់ពន្លឺអស់រយៈពេល១៧ឆ្នាំគឺពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ ក្នុងរាជសង្គមរាស្ត្រនិយម ដែលមានសម្តេច ព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។ ក្រោយពីប្រទេសកម្ពុជា មានវិបត្តសេដ្ឋកិច្ច និងនយោបាយដ៏ធ្ងន់ធរ យោងតាមសមាជជាតិនាខែសីហា ឆ្នាំ១៩៦៩ ព្រះបាទសម្តេចនរោត្តម សីហនុ បានប្រគល់ភារកិច្ចអោយ លោក ឧត្តមសេនីយ លន់ ណុល និងទ្រង់សិរិមតៈ ជាអ្នករៀបចំបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ។ លុះដល់ ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០ ក្រុមប្រឹក្សាព្រះរាជាណាចក្រ និងរដ្ឋសភាបានប្រកាសទម្លាក់នរោត្តមសីហនុចេញពីឋានៈព្រះ ប្រមុខរដ្ឋ។

របបសាធារណរដ្ឋខ្មែរ
ថ្ងៃទី ៩ ឧសភា ១៩៧០ ព្រះរាជាណាចក្រកម្ពុជា ត្រូវដូរឈ្មោះជាសាធារណរដ្ឋខ្មែរនៅក្រោយរដ្ឋប្រហារ យោធាក្រោមការដឺកនាំរបស់លន់ណុល និងទ្រង់សិរិមតះ។ សម្តេចព្រះ នរោត្តមសីហនុបានថ្លែងប្រកាសមិន ទទួលស្គាល់របបភ្នំពេញហើយប្រកាសបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា និងបង្កើតកំលាំងប្រដាប់អាវុធរំដោះជាតិកម្ពុជា។ ចាប់តាំងពីថ្ងៃទី ៣០ ខែមេសា ១៩៧០ កងទ័ពរណសិរ្សរួបរួមជាតិកម្ពុជាបានធ្វើការវាយប្រហារយ៉ាងខ្លាំង ក្លាលើកងទ័ពលន់ ណុល និងបរទេស។ ប្រទេសកម្ពុជា រង ភាពខ្ទេចខ្ទាំដោយសារតែសង្គ្រាមក្នុងស្រុករហូតមកដល់ថ្ងៃទី ១៧ ខែ មេសា ១៩៧៥ ទើបកងទ័ពរណសិរ្សរួបរួមជាតិកម្ពុជា បានផ្តួលរំលំរបបសាធារណរដ្ឋ ខ្មែររបស់លន់ណុល។
របបកម្ពុជាប្រជាធិបតេយ្យ
ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៥ ក្រុមខ្មែរក្រហមបានធ្វើមហាសន្និបាតវិសាមញ្ញោដីម្បីរៀបចំ រដ្ឋធម្មនុញ្ញ ថ្មីហើយបានដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋាភិបាលរបស់កម្ពុជាប្រជាធិបតេយ្យត្រូវបាន បង្កើតឡើងដោយមាន ប៉ុលពត ជាអ្នកដឹកនាំរបបនោះ។ ប្រជារាស្ត្រខ្មែរស្លូតត្រង់ត្រូវទទួលការកាប់សម្លាប់ យ៉ាងរង្គាល។
របបសាធារណរដ្ឋប្រជាមានិតកម្ពុជា
ក្រោយពីផ្តួលរំលំរបប ប៉ុលពត នៅថ្ងៃ ៧ មករា ១៩៧៩ រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលកើតឡើង នៅថ្ងៃទី ២ ខែ ធ្នូ ១៩៧៨ បានប្រកាសប្រទេសកម្ពុជាជាសាធារណរដ្ឋប្រជាមានិតកម្ពុជា។ បន្ទាប់មកដូរជា រដ្ឋកម្ពុជា ដែលមានបក្សប្រជាជនបដិវត្តន៍កម្ពុជាជាអ្នកដឹកនាំ។ មានរដ្ឋកម្ពុជា នេះហើយទើបមានព្រះរាជាណាចក្រកម្ពុជាសាជាថ្មីនៅក្នុងស្រុកខ្មែរម្ដងទៀត ។
ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្ធិសញ្ញាក្រុងបារីស ស្តីពីការរួបរួមជាតិបានផ្តល់លទ្ធភាពដល់ការយាងនិវត្ត មាតុភូមិវិញរបស់ព្រះបាទសម្តេចព្រះនរោត្តមសីហនុ។ ព្រះអង្គឡើងគ្រងរាជ្យសាជាថ្មីនៅថ្ងៃ ទី ២៤ កញ្ញា ១៩៩៣ ព្រមទាំងប្តូរឈ្មោះប្រទេសជាព្រះរាជាណាចក្រកម្ពុជា វិញ។ រាជរដ្ឋាភិបាលក្នុងអណត្តិនោះ ដឹកនាំដោយសហនាយក រដ្ឋមន្ត្រីពីររូបគឺ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជានាយកមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយកមន្ត្រីទី២ ។